top of page

មហោស្រពភាពយន្ដខ្លីទម្លុះ បន្លឺសំឡេងយុវជន ដើម្បីឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គម

Updated: May 26

មហោស្រពភាពយន្ដខ្លីទម្លុះ បន្លឺសំឡេងយុវជន ដើម្បីឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាននៅក្នុងសង្គម

© ចលនាទម្លុះ


ភ្នំពេញ៖ [ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤] - ចលនាទម្លុះមានមោទកភាព សូមប្រកាសពីការរៀបចំកម្មវិធីមហោស្រពភាពយន្ដខ្លីទម្លុះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ខាងមុខនេះ ដើម្បីអបអរសាទរទិវាអន្ដរជាតិនារី។ មហោស្រពនេះ នឹងប្រព្រឹត្តទៅនៅរោងភាពយន្ដ លេជេន ខេម៉ល ហើយបើកជូនសាធារណៈជនគ្រប់រូប អាចចូលរួមទស្សនាបានដោយសេរី។ បន្ថែមពីលើនេះ ខ្សែភាពយន្តខ្លី ចំនួន ៣៣រឿង ដែលផលិតឡើងដោយយុវជនកម្ពុជាដ៏មានទេពកោសល្យ នឹងត្រូវបញ្ចាំងជូនលោកអ្នកទស្សនា ដោយខ្សែភាពយន្តនីមួយៗ បានលើកឡើងពីបញ្ហាសង្គម ផ្សារភ្ជាប់នឹងដំណោះស្រាយ ដែលក្នុងនោះរួមមាន អំពើហិង្សាផ្អែកលើយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ដ្រី។


មិនត្រឹមតែជាមហោស្រពភាពយន្ដប៉ុណ្ណោះទេ មហោស្រពភាពយន្តខ្លីទម្លុះ គឺជាកម្មវិធីមួយ ដែលមានបំណងលើកកម្ពស់ការយល់ដឹង បំភ្លឺ និងជម្រុញចិត្តដល់ទស្សនិកជន តាមរយៈការបន្លឺសម្លេងរបស់យុវជន និងប្រើប្រាស់ឥទ្ធិពលនៃភាពយន្ដ ជាកម្លាំងជម្រុញឱ្យមានការផ្លាស់ប្ដូរជាវិជ្ជមាន នៅក្នុងសង្គម។ ខែ្សភាពយន្តខ្លីដ៏គួរឲ្យចាប់អារម្មណ៍ទាំង ៣៣​​ គឺផលិតដោយចលនាទម្លុះ និងដៃគូ រួមទាំងខ្សែភាពយន្តល្អបំផុតទាំង១១ នៃ​ការប្រកួតខ្សែភាពយន្តខ្លីទម្លុះ។


“ពួកយើងមានសេចក្ដីសោមនស្សរីករាយណាស់ ក្នុងការផ្ដល់ជូននូវវេទិកាមួយដល់យុវជនកម្ពុជា ដើម្បីចែករំលែកនូវទស្សនៈរបស់ពួកគេ និងជម្រុញឱ្យមានការផ្លាស់ប្តូរ តាមរយៈឥទ្ធិពលនៃភាពយន្ត។” កញ្ញា ពៅ ស៊ីនួន ជាសហស្ថា​បនិកនៃ ចលនាទម្លុះ បានលើកឡើង។ “គោលបំណងរបស់យើង គឺដើម្បីផ្ដល់ភាពអង់អាចដល់យុវជនវ័យក្មេង ក្នុងការលើកឡើងពីបញ្ហាចំបងក្នុងសង្គម និងស្វែងរកមតិគាំទ្រដើម្បីសមភាពនៃយេនឌ័រ​ បរិយាបន្នសង្គម និងសិទ្ធិស្រ្ដី។”

កញ្ញា ទេព សុខាវត្តី តំណាងក្រុមយុវជនមកពីខេត្តស្វាយរៀង ដែលបានដាក់ខ្សែភាពយន្តខ្លី មកចូលរួមការប្រកួតភាពយន្តខ្លីទម្លុះ បានលើកឡើងថា “ពួកយើងស្រឡាញ់ការផលិតភាពយន្ត និងចង់ឱ្យការស្រឡាញ់នេះ បានរួមចំណែកក្នុងការផ្លាស់ប្ដូរជាវិជ្ជមាន ទៅលើបញ្ហាដែលបានលើកឡើងនៅ ក្នុងខ្សែភាពយន្តខ្លីរបស់ពួកយើង។” កញ្ញាបន្តទៀតថា “ហើយខ្ញុំពិតជារំភើប… និយាយរួមលើសពីក្តីស្រមៃ ព្រោះខ្ញុំមិននឹកស្មានថាមានការចាក់បញ្ចាំងរឿងខ្ញុំ នៅក្នុងរោងកុនសោះ តែពេលដឹងថាជាប់ Top 11 ខ្ញុំភ្ញាក់ផ្អើលជាខ្លាំង....។”

ចំណុចសំខាន់នៃមហោស្រពនេះ គឺកម្មវិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ដល់ជ័យលាភី ដែលផលិតករវ័យក្មេង នៃភាពយន្ដខ្លីល្អបំផុតទាំង ១១ក្រុម នឹងធ្វើបទបង្ហាញពីគោលបំណងនៃភាពយន្តខ្លីរបស់ពួកគេ ព្រមទាំងធ្វើការចាក់បញ្ចាំងនៅក្នុងរោងភាពយន្ត ដោយមានវត្តមានភ្ញៀវកិតិ្តយសជាច្រើនផងដែរ។


លោកស្រី Jocelyn Pederick ជាអ្នកផលិតខ្សែភាពយន្ត និងសមាជិកនៃគណៈកម្មការ នៃការប្រកួតភាពយន្តខ្លីទម្លុះ បានបង្ហាញការគាំទ្រ និងកោតសរសើរថា “វា [ខ្សែភាពយន្តឆ្នើមទាំង១១] គឺជាការជ្រើសរើសដ៏ល្អបំផុតមួយ ព្រោះភាពយន្ដខ្លីទាំងនេះ មានគុណភាពល្អ ព្រមទាំងបង្កប់នូវគំនិត និងរឿងរ៉ាវល្អៗ និងគួរឲ្យចាប់អារម្មណ៍”។ លោកស្រី ឃុន សុភា អ្នកសម្របសម្រួលកម្មវិធីថ្នាក់ជាតិនៃ UN Women ប្រចាំប្រទេសកម្ពុជា បានបន្ថែមថា “គ្រប់ភាពយន្ដដែលបានជ្រើសរើសនេះ គឺពិតជាល្អណាស់... វាមានការពិបាកក្នុងការវាយតម្លៃ ដោយភាពយន្តទាំងនេះ សុទ្ធតែបង្ហាញពិការច្នៃប្រឌិត គំនិត ទេពកោសល្យ និង ស្មារតីសាមគ្គីរបស់យុវជនវ័យក្មេង។​ គម្រោងនេះ គឺជាគម្រោងដ៏អស្ចារ្យមួយ”។

ចលនាទម្លុះ សូមអញ្ចើញ យុវជនវ័យក្មេងកម្ពុជា ផលិតករ អ្នកតស៊ូមតិ អ្នកដឹកនាំក្នុងសហគមន៍ និង សាធារណៈជនទាំងអស់ ចូលរួមទស្សនាឲ្យបានច្រើនកុះករ ក្នុងព្រឹត្តិការណ៍មហោស្រពនេះ។ ពួកយើងរួបរួមគ្នា បន្លឺសំឡេង និង​ត្រួសត្រាយផ្លូវ ដើម្បីសង្គមមួយ ដែលមានសមភាព និងបរិយាបន្ន។


សូមចូលទៅកាន់ហ្វេសប៊ុករបស់យើង BreakthroughKH សម្រាប់ព័ត៌មានលម្អិត អំពីមហោស្របភាពយន្ដខ្លី សំបុត្រចូលទស្សនា និងកាលវិភាគចាក់បញ្ចាំងភាពយន្ដខ្លី។ អ្នកក៏អាចស្វែងរកព័ត៌មានបន្ថែមតាមរយៈគេហទំព័ររបស់យើង www.breakthroughkh.com




អំពីចលនាទម្លុះ

ចលនាទម្លុះ​ ត្រូវបានបង្កើតឡើងនៅខែធ្នូ ឆ្នាំ២០២០ ដោយក្រុមស្រ្តីវ័យក្មេង ១១នាក់ ដែលមានសាវតាផ្សេងៗគ្នា។ គោលបំណងរបស់ចលនានេះ គឺលើកកម្ពស់សមភាពយេនឌ័រ នៅក្នុងប្រទេសកម្ពុជាតាមរយៈការប្រាប់រឿងរ៉ាវ និងការចែករំលែកបទពិសោធន៍។ បច្ចុប្បន្ន ចលនាទម្លុះ គឺ​ឯករាជ្យក្នុងការគ្រប់គ្រង និងបង្កើតយុទ្ធនាការ បង្កើតភាពជា ដៃគូជាមួយនឹងអង្គការសង្គមស៊ីវិល និងក្រុមយុវជនដទៃ និងរកមូលនិធិសម្រាប់គម្រោងផ្សព្វផ្សាយរបស់ខ្លួន។ សហស្ថាបនិកទាំងអស់ ដឹកនាំចលនានេះ ដោយកំណត់គោលដៅ និងកម្មវត្ថុ ដោយផ្អែកលើបទពិសោធន៍ និងក្តីបំណងរបស់ពួកគេ ដោយស្មារតីស្ម័គ្រចិត្ត។  




Press Release 20March- Breakthrough SFF
.pdf
Download PDF • 3.30MB


1 view0 comments

Comments


bottom of page