top of page
Writer's pictureBreak Through

បង្កើតដោយក្រុមយុវជន មហោស្រពភាពយន្តខ្លីទម្លុះ គឺចំណុចចាប់ផ្តើមនៃការជម្រុញឱ្យមានផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា


© Breakthrough Movement

រាជធានីភ្នំពេញ (ថ្ងៃទី២៨​ ខែមីនា ឆ្នាំ២០២៤)៖ មហោស្រពភាពយន្តខ្លីទម្លុះ បានរៀបចំឡើងដោយក្រុមការងារនៃចលនាទម្លុះ ដែលជាក្រុមយុវជនស្មគ្រចិត្ត កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ ប្រព្រឹត្តទៅនៅរោងភាពយន្តលេជេន (Legend Cinema) ដើម្បីជាការអបអរសាទរទិវាអន្តរជាតិនារី។ ព្រឹត្តិការណ៍ដ៏អសា្ចរ្យនេះ បានចាក់បញ្ចាំងនូវខ្សែភាពយន្តខ្លីដ៏មានឥទ្ធិពលចំនួន ៣៣ រឿង ដែលបង្ហាញអំពីបញ្ហាសំខាន់ៗ ដែលកើតមានឡើង នៅក្នុងសង្គមដូចជា អំពើហិង្សាលើស្ត្រីនិងក្មេងស្រី បរិយាបន្នសង្គម ការរើសអើង ការផ្តល់ភាពអង់អាចដល់ស្ត្រី និងវប្បធម៌បន្ទោសជនរងគ្រោះ។ ព្រឹត្តិការណ៍​នេះ ​បាន​បង្កើត​នូវប្រវត្តិសាស្ត្រ​ថ្មីមួយ គឺជា​មហោស្រព​ភាពយន្ត​​ខ្លី​ដំបូងគេ ​ដែល​បង្កើត​ឡើង​ដោយ​យុវជន​​ដើម្បី​យុវជន នៅក្នុងប្រទេសកម្ពុជា។

 

គម្រោងមហោស្រពភាពយន្តខ្លីទម្លុះ ត្រូវបានបង្កើត និងរៀបចំជាច្រើនខែ ដោយក្រុមការងារស្នូល នៃចលនាទម្លុះ ដោយមានការគាំទ្រពីទីប្រឹក្សាខ្មែរ-អូស្ត្រាលី នៃ GoodMorningBeautiful Films ព្រមទាំងអ្នកស្ម័គ្រចិត្តចំនួន ២១នាក់ ដើម្បីនាំយកនូវបទពិសោធន៍ថ្មី លើសពីការទស្សនាភាពយន្ដ។ ចលនាទម្លុះ មានគោលបំណងបង្កើតនូវការផ្លាស់ប្តូរដែលមានលក្ខណៈយូរអង្វែង ដោយចាប់ផ្តើមពីការដោះស្រាយឫសគល់នៃបញ្ហាអំពើហិង្សាផ្អែកលើយេនឌ័រ ហើយចលនាទម្លុះជឿជាក់យ៉ាងមុតមាំថា "ការផ្លាស់ប្តូរ គឺចាប់ផ្តើមពីយើង" ។

 

"ពួកយើងត្រូវការឱ្យអ្នកគ្រប់​គ្នា ​យល់អំ​ពីចំណែកនៃ​ការចូលរួម​​របស់យើងម្នាក់ៗ ​ក្នុង​ការ​បញ្ចប់​អំពើហិង្សាផ្អែកលើយេនឌ័រ​។ ពួកយើង​ក៏​ត្រូវ​អ្នកទាំងអស់ ​ដើម្បីជម្នះ​និង​​ផ្លាស់​ប្តូរវប្បធម៌ ដែលបន្តឱ្យមាននូវបទដ្ឋានសង្គមដែលអវិជ្ជមាន។ នេះគឺ​ជា​មូល​ហេតុ​ដែល​មហោស្រព​ភាពយន្ត​ខ្លី​ទម្លុះ មាន​សារៈ​សំខាន់"។ - កញ្ញា ឃួន សុខហេង សហស្ថាបនិកនៃចលនាទម្លុះ។

 

លោក លឹម សុភ័ណ្ឌ អតីតក្រុមការងារនៃមហោស្រពភាពយន្ដចតុមុខ និងជាគណៈកម្មការនៃការប្រកួតភាពយន្តខ្លីទម្លុះ មានប្រសាសន៍ថា “អ្នករៀបចំកម្មវិធីបានផ្តល់ទីកន្លែងដែលមានសុវត្ថិភាព និងភាពរីករាយអ្នកចូលរួម”។ លោកបានបន្ថែមថា “ខ្ញុំសង្កេតឃើញថា ទស្សនិកជនភាគច្រើន គឺជាយុវវ័យ ដែលនេះគឺជាសញ្ញាដ៏ល្អមួយ ពីព្រោះប្រទេសកម្ពុជាកំពុងចាប់យកនូវការគិតថ្មីបែបស្ត្រីនិយម (Feminist)។ ប្រសិនបើយើងអាចរៀបចំព្រឹត្តិការណ៍បែបនេះ ជារៀងរាល់ឆ្នាំ វានឹងជួយបញ្ជ្រាបទស្សនៈនេះ ឱ្យកាន់តែស៊ីជម្រៅ ទៅក្នុង​ផ្នត់​គំនិត​របស់​មនុស្ស​ជំនាន់​ក្រោយ”។

 

នៅក្នុងព្រឹត្តិការណ៍នៃមហោស្រពភាពយន្តនេះ ក្រុមការងារនៃចលនាទម្លុះ បានធ្វើដំណើរទៅតំបន់គោលដៅក្នុងខេត្ដចំនួន៤ និងរាជធានីភ្នំពេញ ដើម្បីធ្វើការផ្សព្វផ្សាយចំនួន ២១លើក ដែលមានអ្នកចូលរួមប្រមាណ ៤០០នាក់។ កិច្ចខិតខំប្រឹងប្រែងផ្សព្វផ្សាយយ៉ាងទូលំទូលាយនេះ បានធ្វើឱ្យ ទម្លុះ ទទួលបានភាពយន្តខ្លីចំនួន ២៧ ដាក់ពាក្យចូលរួម នៅក្នុងការប្រកួតភាពយន្តខ្លីទម្លុះ ដែលជាផ្នែកមួយនៃមហោស្រពភាពយន្ដខ្លីទម្លុះ។

 

មហោស្រពភាពយន្តខ្លីទម្លុះ បានចាក់បញ្ចាំងនូវខ្សែភាពយន្តខ្លី​ដែលមានចម្រុះភាព ក្នុងនោះរួមមាន ភាពយន្តខ្លីល្អបំផុតទាំង១១ ដែលផលិតដោយក្រុមយុវជនដ៏មានសមត្ថភាព នៃការប្រកួតភាពយន្តខ្លីទម្លុះ និងផលិតដោយដៃគូ ដូចជា 606 Digital, សមាគមស្រ្តីជនជាតិដើមភាគតិចកម្ពុជា (CIWA) អង្គការក្លាហាន ក្ដីស្រលាញ់គឺចម្រុះនារី អង្គការតម្លាភាពអន្ដរជាតិកម្ពុជា និង NGO-CEDAW

 

ទស្សនិកជនជាង ២៥០ នាក់បានចូលរួមជាមួយមហោស្រពភាពយន្តខ្លីនេះ រួមមាន យុវជន ជនជាតិដើមភាគតិច ក្រុមអ្នកស្រលាញ់ភេទដូចគ្នា (LGBTQI+) និងជនមានពិការភាព។ កម្មវិធីពិសេស នៃមហោស្រពភាពយន្តខ្លីទម្លុះ គឺជាពិធីប្រកាសលទ្ធផល និងប្រគល់រង្វាន់ដែលគ្រប់គ្នាទន្ទឹងរង់ចាំ ជាពិសេស​អ្នកផលិតភាពយន្តវ័យក្មេងដែលជាប់ជាភាពយន្ដល្អបំផុតទាំង ១១រឿង ដោយពួកគេបានឡើងបង្ហាញពីសារ និងស្នាដៃច្នៃប្រឌិតដ៏អស្ចារ្យរបស់ពួកគេ ទៅដល់ទស្សនិកជនដែលបានចូលរួម។

 

ពួកយើងសូមអរគុណដល់ក្រុមការងារចលនាទម្លុះ ដែលបានបង្កើតវេទិកាដ៏អស្ចារ្យមួយនេះ សម្រាប់សហគមន៍យើង ដើម្បីឱ្យការបន្លឺសំឡេងរបស់យើងកាន់តែលឺ ! តាំងពីចាប់ផ្តើមគម្រោង រហូតដល់ចុងបញ្ចប់នៃកម្មវិធីទាំងមូល”។ - កញ្ញា លាប ភក្រ័ណា សហ​ដឹកនាំរឿង "ប្រសិនបើ"​ ម្ចាស់ជ័យ​លាភីលេខ១ នៃការប្រកួតភាពយន្តខ្លីទម្លុះ។

កញ្ញា ស៊ន សុមុន្នីរតនា អ្នកដឹកនាំរឿង “សេនាអង្គរ” ដែលជាខ្សែភាពយន្តខ្លី ជ័យលាភីលេខ២ បានសម្តែងមតិកោតសរសើរថា “ពួកយើងរីករាយដែលបានចូលរួម ហើយក៏សូមកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងារទម្លុះ ក្នុងការផ្តល់ភាពអង់អាចដល់ស្ត្រី នៅក្នុងសង្គមរបស់យើង តាមរយៈខ្សែភាពយន្ត។ សូមអរគុណដល់ អ្នករៀបចំកម្មវិធី អ្នកស្ម័គ្រចិត្ត និងអ្នកទាំងអស់គ្នា ដែលធ្វើកើយឱ្យព្រឹត្តិការណ៍អាចកើតមានឡើង​”។

លោក អ៊ុង ស៊ីវថុង សហដឹកនាំរឿង “ស្នេហាគ្មានស្តង់ដារ” ដែលជាខ្សែភាពយន្តមួយ ក្នុងចំណោមខ្សែភាពយន្តខ្លីល្អបំផុតទាំង ១១ បានរៀបរាប់ថា៖ “យើងសង្ឃឹមថា ខ្សែភាពយន្តខ្លីនេះ នឹងផ្តល់ជាសារមួយ ដើម្បីឱ្យមនុស្សគ្រប់គ្នាទទួលស្គាល់ពីភាពស្រស់ស្អាតដែលពួកគេមាន ជាជាងការព្យាយាមផ្លាស់ប្តូរខ្លួនឯង ដើម្បីឱ្យសាកសមទៅនឹងទំនាក់ទំនងណាមួយ ប្រហែលជាយើងអាច កែលម្អនូវអ្វីដែលយើងមាន និងចាប់យកអ្វីដែលជាយើង"។

1 view0 comments

コメント


bottom of page